នាព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលស្វាគមន៍ និងធ្វើបាឋកថាស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ដែលចូលរួមដោយផ្ទាល់ចំនួន១៤២នាក់ និងចូលរួមពីចម្ងាយតាមប្រព័ន្ធនិម្មិតចំនួន៤៧៩នាក់។ បន្ទាប់ពីស្តាប់បទបង្ហាញរួចមក សិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។ សូមជម្រាបថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន ០៣ គឺមុខងារនីតិកម្ម មុខារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីនេះ ព្រឹទ្ធសភាមានមុខងារគាំទ្រចំនួន ០២ទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារការអភិវឌ្ឍស្ថាប័ន។ គួររំលឹកផងដែរថា វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមនដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។ បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន ៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអាសយដ្ឋាននៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់វិមាន៧មករា (គណបក្សប្រជាជនកម្ពុជា)៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន